វប្បធម៌
រង្គិត រង្គិតជាពាក្យភាសាកួយសំដៅទៅលើកំណាត់ឈើប្រវែងជាពីរហត្ថដៃល្មមមួយផុតខ្នងដែលគេយកឈើនេះមកដុះក្អែលនៅពេលងូតទឹក។ គេសង្កេតឃើញមានការប្រើប្រាស់រង្គិតនៅតាមគ្រួសារមួយចំនួននៃប្រជាជនជនជាតិកួយក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងព្រះវិហារនាពេលបច្ចុប្បន្ន។ បើស្តាប់តាមការរៀបរាប់របស់លោកយាយ ព្រំ អៀម អាយុ៧៥ឆ្នាំដែលជាចាស់ទុំកួយក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានប្រាប់ថា តាំងពីជីដូនជីតាពីដើមរៀងមកមានការប្រើរង្គិតនេះតជំនាន់ពីយូរលង់មកហើយ។ គាត់បន្តថាឈើដែលគេយកមកធ្វើជារង្គិតគឺដើមភ្លង(១) ដុះនៅព្រៃដីទួលលាយឡំជាមួយប្រភេទដើមឈើផ្សេងៗទៀតដែរ។ បានជាគេយកដើមនេះព្រោះវាជាឈើមានសំបកល្អិតក្រឡាតូចៗពេលដុះខ្លួនទៅច្អារជ្រះក្អែលបានល្អ។ ដើមភ្លងដែលគេយកមកធ្វើរង្គិតជាដើមចាស់ត្រង់មានសំបកល្អ មិនមានមែក ឬមែង មានទំហំប៉ុនមេជើងមនុស្សចាស់ ឬកដៃកូនកូនក្មេង(៣,៤ឆ្នាំ)(២) ត្បិតអីដើមចាស់ប្រើបានយូរមិនងាយជ្រុះសំបកចេញពីសាច់ឈើ។ មកដល់ចំណុចនេះគាត់ដំណាលពីការកាប់រង្គិត ជាទូទៅការកាប់រង្គិតគេមិនទៅកាប់តែរង្គិតមួយមុខតែម្តង ឬពេលត្រូវវាបានទៅកាប់ទេ។ គឺនៅពេលទៅអែលតី(យកដៃ)ត្រួសចម្ការជុំគ្នា ទៅរកផលអនុផលព្រៃឈើ បោចវល្លិ៍ ឆ្នូរ ជ័រ ជាដើម ឬទៅឃ្វាលគោ ពេលគេប្រទះឃើញដើមភ្លងល្អ អាចធ្វើរង្គិតបានគេកាប់យក មកតែម្តង(ដើមខ្លះមួយដើមអាចបានរង្គិតមួយ ពីរ បីតាមដើមល្អ ឬមិនល្អ) (៣) ព្រោះគេទុកបានបើមិនទាន់ប្រើ។ រង្គិតដែលគេកាប់មកត្រូវទុកលើន្ទុកក្រោមផ្ទះដើម្បីកុំឲ្យវាឆាប់ខូចសំបក(៤)។ គាត់បានភ្ជាប់ថាដូច្នោះហើយបានជាគេតែងនិយាយថា ចីកោះ(ទៅព្រៃ) ពាក្យមួយនេះមានន័យទូលំទូលាយណាស់។ ព្រោះនៅពេលចូលទៅព្រៃគេមិនមានទៅតែខ្លួនទទេទេ ប្រុសៗអាចមានកាំបិត ផ្គាក់ កាចាស រីឯស្រីៗវិញមានក្រមា កាចាស កាំបិត ចបជីកជាដើម។ នៅពេលគេជួបប្រទះបញ្ហាអ្វីមួយគេមានឧបករណ៍ការពារខ្លួន ឬអ្វីដែលអាចយកមកផ្ទះបានគេយកមមក ដូចជា បេះបន្លែ ផ្លែឈើ កាប់អុស ជីកដំឡូង អាពីង...និយាយរួមផល អនុផលព្រៃឈើ សត្វព្រៃជាដើម។ យ៉ាងណាមិញរង្គិតនេះគឺគេទៅកាប់តាមរយៈសកម្មភាពដូចបានរៀបរាប់ខាងលើដោយមិនទៅចំពោះតែកាប់រង្គិតតែម្តងទេ។ របៀបប្រើ៖ ពេលងូតទឹកគេយកវាមកដុះរូសលើខ្លួនប្រាណដើម្បីជ្រះក្អែល(៥) ពិសេសដុះខ្នង តាមក្រលាក់កែងដែ ជង្គង់ជាដើម។ សម្រាប់ការប្រើប្រាស់ប្រើបានចំពោះមនុស្សគ្រប់វ័យ ឲ្យតែចេះកាន់រង្គិតដុះក្អែលបាន ហើយពេលប្រើរួចគេទុកនៅកន្លែងងូតទឹកតែម្តង(៦)។ រង្គិតមួយអាចប្រើបានបី បួនខែ អាចតិចឬច្រើនជាងនេះតាមសំបកឈើនៅល្អ ដុះទៅច្អារជ្រះក្អែល ឬសឹកសំបកលែងមានក្រឡាទើបគេប្តូរថ្មី(៧)។ គេមិនកំណត់ថាមនុស្សម្នាក់ត្រូវប្រើរង្គិតមួយផ្ទាល់ខ្លួនទេ ក្នុងគ្រួសារមួយមានសមាជិកបួន ប្រាំនាក់អាចមានរង្គិតពីរ បី បួន ប្រើរួមគ្នាបាន។ ដូចគ្នាដែររង្គិតកាប់មកហើយប្រើបានភ្លាមមិនចាំបាច់ទុកឲ្យស្ងួតឬក្រៀមសិនទេ។ ទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់រង្គិតពេលបច្ចុប្បន្នមានចំនួនគ្រួសារតិចនៅប្រើប្រាស់ ព្រោះដោយសារការប្រែប្រួលការរស់នៅក្នុងសង្គមនៃសហគមន៍ជនជាតិដើមភាគតិចកួយកាន់តេទំនើប ជំនួសការប្រើរង្គិតដោយប្រើសាប៊ូដុសខ្លួនវិញ(ក្រោយឆ្នាំ២០០០)។ ម្យ៉ាងទៀតវត្តមានដើមភ្លងក៏កាន់តែបាត់បង់ដែរដោយសារដីព្រៃធម្មជាតិប្រែក្លាយជាដីចម្ការចន្ទីរ ដំឡូងមី កៅស៊ូពីសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន។(៨)ប៉ុន្តែសម្រាប់ចាស់ៗក៏នៅតែប្រើរង្គិតជាមួយសាប៊ូរួមបញ្ខូលគ្នា ពិសេសពេលដុះខ្នងប្រើរង្គិតងាយស្រួល ទាំងអស់នេះបានបង្ហាញពីការវិវត្តផ្នែកវប្បធម៌ ទាក់ទងនឹងបរិស្ថាន និងមនុស្សឆ្លងតាមសម័យកាលនីមួយៗ។
Download Resources
photo_2025-07-25_18-12-20.jpg
Download File



